កាលបរិច្ឆេទ: ១០ តុលា ២០២៤ / ការអភិវឌ្ឍន៍ / Author : ATH Sokren
ពិព័រណ៍ចំណីអាហារ Speciality & Fine Food Fair ដែលជាឱកាសមាសសម្រាប់ការដាក់បង្ហាញផលិតផលចំណីអាហារ និងភេសជ្ជៈបែបសិប្បកម្មរបស់ចក្រភពអង់គ្លេស បានប្រារព្វខួបលើកទី២៥របស់ខ្លួនជាមួយនឹងការរៀបចំដ៏ពិសេសកាលពីថ្ងៃទី១០ និងទី១១ កញ្ញា ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Olympia ក្នុងទីក្រុងឡុងដ៍ ហើយក៏មានវត្តមានក្រុមហ៊ុនខនហ្វីរេលផងដែរ។
ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះបានទាក់ទាញហាងទំនិញកសិផល ហាងលក់គ្រឿងទេសប្រណីតៗ អ្នកលក់រាយឯករាជ្យ អ្នកបោះដុំ អ្នកជំនាញមកពីហាងទំនើបៗ អ្នកឯកទេសផ្នែកសណ្ឋាគារដែលចង់ស្វែងយល់ពីនិន្នាការថ្មីៗផ្នែកចំណីអាហារ និងភេសជ្ជៈប្រណីតៗ។
ឆ្នាំនេះ ពិព័រណ៍បានរៀបចំសកម្មភាពពិសេសប្លែកៗជាច្រើន និងបានបង្ហាញពីគំនិតផ្តួចផ្តើមដ៏គួរឱ្យចាប់អារម្មណ៍ក្រៃលែង ដើម្បីធ្វើឱ្យអ្នកចូលទស្សនា និងអ្នកផលិតទទួលបាននូវបទពិសោធកាន់តែល្អប្រសើរ។ លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសទាំងអស់នោះគឺ ស្តង់ភ្លក់ម្ហូបអាហារ។ នៅទីនោះ អ្នកចូលរួមអាចភ្លក់ផលិតផលថ្មីចុងក្រោយដែលគេទើបតែបង្កើតឡើង មិនថាផ្នែកម្ហូបអាហារ ឬក៏ផ្នែកភេសជ្ជៈឡើយ។ បែបនេះគឺបង្កឱ្យមានទំនាក់ទំនងផ្ទាល់រវាងអ្នកផលិត និងអ្នកដែលអាចក្លាយជាអតិថិជន។ ម្យ៉ាងវិញទៀត សកម្មភាពបង្ហាញភេសជ្ជៈថ្មី Drinks Uncovered បានគូសបញ្ជាក់ពីនិន្នាការឈានមុខគេក្នុងវិស័យឧស្សាហកម្មភេសជ្ជៈ តាមរយៈការផ្តល់ព័ត៌មានយ៉ាងស៊ីជម្រៅ និងបានធ្វើការណែនាំបង្ហាញដោយផ្ទាល់ដោយអ្នកឯកទេសដែលមានបទពិសោធខ្ពស់៕